នៅពេលទ្រនិចនាឡិកាខិតដល់លេខ១២ ខ្ញុំនឹងឈានចូលវ័យ២៨ឆ្នាំ។ អាយុដែលមនុស្សស្រីឯទៀតបានមានប្ដី និងកូនរួចហើយ។ ម៉ាក់នៅតែរំអុកសួររហូតហេតុអ្វីកូនមិនទាន់យកប្ដី។ ម៉ាក់ថាខ្ញុំអាត្មានិយម ចាស់ហើយនៅតែចង់សប្បាយ មិនចង់តបស្នងគុណឪពុកម្ដាយ។ តែម៉ាក់អើយ មិនមែនយកប្ដីទើបសងគុណឪពុកម្ដាយបានឯណា។ មូលហេតុមិនទាន់យកប្ដីគឺគ្រាន់តែមកពីខ្ញុំខ្លាចតែប៉ុណ្ណោះ។
ខ្ញុំខ្លាចមិនអាចធ្វើជាប្រពន្ធល្អ ម្ដាយឆ្នើម កូនប្រសាសំណព្វរបស់គ្រួសារខាងប្ដី។ ខ្ញុំខ្លាចថា ក្រោយម៉ោងធ្វើការ ខ្ញុំមិនអាចធ្វើម្ហូបចាំទទួលពេលប្ដីមកពីធ្វើការវិញ។ ខ្ញុំខ្លាចការវែកញែករបស់ញាតិខាងប្ដី ខ្លាចគេមិនពេញចិត្តនឹងខ្ញុំ។ ខ្ញុំមានអារម្មណ៍ថាខ្លាចណាស់ម៉ាក់ ខ្ញុំខ្លាចខ្ញុំមិនអាចរឹងមាំដើម្បីធ្វើជាខ្នងបង្អែករបស់កូនខ្ញុំបាន។ ខ្ញុំខ្លាចបញ្ហាប្រាក់កាក់ មិនមានលទ្ធភាពឲ្យកូនបានចូលរៀនសាលាល្អដូចកូនគេ ផឹកទឹកដោះគោល្អដូចកូនអ្នកជិតខាង។ ខ្ញុំមានការភ័យខ្លាចរាប់រយជំពូក ខ្លាចក្រែងថាចំណងអាពាហ៍ពិពាហ៍របស់ខ្ញុំ ត្រូវដាច់កណ្ដាលផ្លូវ។ ម៉ាក់បន្ទោសខ្ញុំថាអាត្មានិយមពេលជ្រើសយកជីវិតនៅលីវ ខ្លាចខ្ញុំឯកាពេលចាស់ទៅ។ តែខ្ញុំគ្មានជំនឿចិត្តគ្រប់គ្រាន់ដើម្បីជ្រើសយកជីវិតគូដូចគេឡើយ។ ខ្ញុំមិនមែនជាស្រីស្អាតដើម្បីអាចរកបានប្ដីអ្នកមានដើម្បីសោយសុខដល់ចាស់ឡើយ។ ប្ដីរបស់ខ្ញុំក៏ប្រហែលជាបុរសសាមញ្ញម្នាក់ តែអាចដឹកដៃខ្ញុំឆ្លងកាត់រាល់ការភ័យខ្លាចខាងលើបាន។ បើថ្ងៃណាមួយ មានបុរសណាដូចដែលខ្ញុំគិតនោះ ខ្ញុំនឹងយកប្ដីណាម៉ាក់៕
ប្រភព៖ kanha អត្ថបទ៖ Caramel
Post a Comment