មានគូស្នេហ៍មួយគូរស្រឡាញ់គ្នាណាស់ ថ្ងៃមួយពួកគេបានណាត់ជួបគ្នា ស្រី : បងតើយើងស្រឡាញ់គ្នាយូរបុ៉ណ្ណាហើយ? ប្រុស : ប្រហែល ១ ឆ្នាំកន្លះហើយអូន ស្រី : តើបានមានគំរោងចង់រៀបការដែរទេ? ប្រុស : បងមិនទាន់គិតរឿងនេះទេអូន ។ ស្រី : បើអញ្ជឹង តើអូនអាចសុំបងរឿងមួយបានទេ? ប្រុស : បងក៏ចង់សុំអូនរឿងមួយដែរ ស្រី : អញ្ជឹងបងនិយាយមុនទៅ ប្រុស : អត់ទេ អូននិយាយមុនចុះ ស្រី : អូនចង់សុំអោយបងស្រឡាញ់តែអូនមួយ ហាមមើលស្រីណាទាំងអស់ ហើយពេលបងទៅណាបងត្រូវខលប្រាប់អូនផង ជាពិសេសពួកយើងត្រូវដើរទៅណាមកណាជាមួយគ្នាណា ..។

ប្រុស : ហមមមម……បងចង់អោយអូន ផ្ដល់សេរីភាពអោយបង បែបបងជាខ្លួនបង បងចង់ធ្វើអ្វីក៏បាន ហើយអូនមិនបាច់ត្រូវដឹងគ្រប់រឿងរ៉ាវរបស់បងទាំងទេ ម្យ៉ាងចរិកបងកាលពីស្គាល់អូនយ៉ាងម៉េច គឺនៅដូចដើម តែបងស្រឡាញ់អូនណា …តើអូនអាចធ្វើបានទេ?

ស្រី : ហឺមមម បើនេះជាអ្វីដែលបងត្រូវការ អូនអាចធ្វើបាន 🙂 ២ថ្ងៃក្រោយមក

ប្រុស : អាឡូ អូនថ្ងៃនេះអូនទំនេរទេ ចេញទៅ dinner ជាមួយបងណា …

ស្រី : ចា សុំទោសបង ថ្ងៃនេះខ្ញុំរវល់ណាស់មិនអាចចេញទៅជាមួយបងបានទេ

ប្រុស : អូខេ មិនអីទេអូន មួយអាទិត្យកន្លងផុតទៅ

ប្រុស : អាឡូ តើអូនកំពុងធ្វើអី ? ហើយថ្ងៃនេះយើងទៅដើរលេងជាមួយគ្នាណា ?

ស្រី : សុំទោសបង ថ្ងៃនេះខ្ញុំមិនទំនេរទេ ជំរាបលាណាបង មួយខែកន្លងផុតទៅ

ប្រុស : អាឡូ អូនសំឡាញ់បងនឹកអូនណាស់ ថ្ងៃពួកយើងជួបមុខគ្នាម្ដងទៅបានទេ ? មួយខែហើយដែលពួកយើងមិនដែលជួបគ្នា

ស្រី : សុំទោសបងថ្ងៃខ្ញុំមានរឿងមួយចំនួនដែលត្រូវដោះស្រាយមិនអាចចេញទៅជួបបងបានទេ

ប្រុស : អូខេ អូន 😞 នៅក្នុងភោជនីយដ្ឋានមួយ បុរសជាសង្សារក៏បាននាំស្រីថ្មីម្នាក់មកហូបអីនៅទីនេះ គ្រាន់តែចូលមកដល់ភ្លែតធ្វើអោយបុរសនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះគេមានឃើញនារីម្នាក់ដែលជាសង្សារនិងគ្នាបែរជាមកហូបអាហារជាមួយបុរសម្នាក់

ប្រុស : តើគេគឺជាអ្នកណា ? ក្រែងអូនថារវល់មែនទេ ? ហេតុអ្វីក៏មកទីនេះជាមួយគេ? អញ្ជឹងតើ ! បានជាអូនព្យាយាមគេចពីបង បងណាត់ជួបលើកណាក៏អូនថារវល់ ហើយសូម្បីតែខលរកបងបន្ដិចក៏អូនមិនដែលខលមកដែរ មួយខែនេះបងខំតែនឹកអូន ការពិតអូនឯងបែកចិត្តពីបង មានអ្នកថ្មីសោះ មិនគួរបងនៅតែស្រឡាញ់អូននិងបារម្ភពីអូនគ្រប់វេលាទេ ។

ស្រី : បងនិយាយចប់ហើយរឺនៅ ? ក្រែងនេះជាអ្វីដែលបងត្រូវការមែនទេ ? មិនខលទៅបង កុំចង់ដឹងរឿងបងច្រើនពេក អោយបងមានសេរីភាព ធ្វើជាបងដូចដើម ដូចកាលដែលបងមិនទាន់បានស្គាល់រូបអូន ។ អ្វីទាំងនេះសុទ្ធតែជាអ្វីដែលបងត្រូវការហើយ ។ គាត់ម្នាកនេះគ្រាន់តែជាបងប្រុសជីដូនមួយរបស់ខ្ញុំទេ ( នាងយំបណ្ដើរនិយាយបណ្ដើរ )

ប្រុស : តើអូនឈប់ស្រឡាញ់បងហើយមែនទេ ទើបអូនព្រមធ្វើបែបនេះ?

ស្រី : មិនមែនអូនឈប់ស្រឡាញ់បងទេ តែព្រោះអូនស្រឡាញ់បងពេកទើបអូនយល់ព្រមធ្វើបែបនេះ តើបងដឹងទេថាអូនឈឺចាប់បុ៉ណ្ណា ដែលទ្រាំមិនខ្វល់មិនជួបមុខមនុស្សដែលអូនស្រឡាញ់ មិនខលទៅបង តើបងដឹងទេថានារីម្នាក់នេះតែងតែចង់ដឹងពីសុខទុក្ខបង ចង់ដឹងថាបងពេលនេះកំពុងធ្វើអ្វី មានញុាំរឺនៅ តើបងហត់ទេថ្ងៃនេះ តើបងមាននឹកអូនទេថ្ងៃនេះ តើបងមានសម្លឹងបានសម្លឹងស្រីណាផ្សេងទៀតទេ ? អ្វីទាំងនេះសុទ្ធតែជាសំនួរដែលអូនចង់បានចម្លើយពីបងមកវិញ តែអូនបានត្រឹមតែគិតគឺគ្មានសិទ្ធិសួររកចម្លើយទាំងអស់នេះឡើយ ។ បងប្រាប់ថាបងនឹកអូន តែរយះពេលមួយខែនេះបងខលមករកអូនបានត្រឹមតែ ៣ រឺ ៤ ដងប៉ុណ្ណោះ បងនិយាយថាបងស្រឡាញ់អូនតែបងតែងតែបណ្ដើរស្រីថ្មីរហូត តែអ្វីទាំងនេះគឺជាអ្វីដែលបងត្រូវការហើយ អូនបានធ្វើដើម្បីមនុស្សដែលអូនស្រឡាញ់បានហើយ អោយតែបងបានសុខអូនក៏សប្បាយចិត្ត

ប្រុស : អោយបងសុំទោសអូន សុំអូនអភ័យទោសអោយបងផង

ស្រី : វាមិនមែនជាកំហុសរបស់បងទេ ។ ខ្ញុំគិតថាបងគួរតែដើរលើផ្លូវរបស់បងចុះព្រោះពួកយើងមានគំលាតខុសគ្នាឆ្ងាយណាស់ ម្យ៉ាទៀតអូនជឿថាបងអាចធ្វើចិត្តបានហើយព្រោះរយះពេលមួយខែនេះបងរស់នៅធម្មតា អូនមិនឃើញបងពិបាកចិត្តសូម្បីតែបន្ដិច

ប្រុស : អត់ទេ សូមកុំទៅចោលបងអី

ស្រី : អូនសុំទោស ( នាងយំយ៉ាងខ្លាំង រួចក៏រត់ចេញទៅ )

ប្រុស : បងសូមទោសអូន ( គេស្រែកយំព្រោះនឹកស្ដាយមនុស្សដែលខ្លួនស្រឡាញ់ ហើយជាមនុស្សដែលស្រឡាញ់គេបំផុត )

ចុងបញ្ចប់ពួកគេក៏បានបែកគ្នា តែមនុស្សដែលឈឺចាប់បំផុតនោះគឺជាបុរសនោះទៅវិញ ព្រោះគេគិតខុស គេគិតថាគេត្រូវការសេរីភាពទាំងដែលខ្លួនគេមានសេរីភាពទៅហើយ គេចង់ធ្វើអ្វីដែលដូចពីមុន មុនពេលដែលគេមិនទាន់បានជួបនាង តែគេភ្លេចគិតថាគេកំពុងមានសង្សារហើយមិនអាចត្រឡប់ទៅរកភាពជា single របស់គេវិញទេ គេមិនចង់អោយនាងខ្វល់ច្រើនពីជីវិតរបស់គេ តែគេភ្លេចគិតថា ការខ្វល់ពីរឿងផ្ទាល់ខ្លួនរបស់គេក៏ព្រោះតែនាងស្រឡាញ់គេខ្លាំងពេកទើបចង់ដឹងរឿងគាទាំងអស់ អ្វីដែលជាពិសេសនោះគឺគេគិតថាគេជាមនុស្សអស្ចារ្យមានស្រីស្រឡាញ់ច្រើន ដូចនេះនាងមិនអាចសុំបែកគ្នាជាមួយគេបានទេ ទើក្នុងមួយខែនេះគេមិនដែលពិបាកចិត្តរឺគិតពីនាងសូម្បីតែបន្ដិច តែគេគិតខុសត្រង់ថា រយះពេលមួយខែនេះគេបានបំផ្លាញក្ដីស្រឡាញ់ដែលគេមានអោយនាងម្ដងបន្ដិចៗដោយសារតែការមានអំនួតរបស់គេ ការមិនខ្វល់ពីអារម្មណ៍របស់នាងសូម្បីតែបន្ដិច ។ ពេលនេះគេមានតែការស្ដាយក្រោយប៉ុណ្ណោះដែលបាត់បង់មនុស្សដែលស្រឡាញ់ខ្លួនបំផុត

Related Post

Post a Comment

អ្នកគួរតែអានអត្ថបទនេះ × +
 
Top